អង្គប្រជុំក្រុមការងារ "ឃ" ផ្នែកនីតិកម្មពន្ធដារ និង អភិបាលកិច្ច រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន
នាព្រឹកថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២៦, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសហប្រធានក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និង អភិបាលកិច្ច “ក្រុម ឃ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន រួមជាមួយនឹងលោក អានូដ ដាក (Arnaud Darc) សហប្រធាន “ក្រុម ឃ” មកពីខាងផ្នែកឯកជន បានសហការដឹកនាំកិច្ចប្រជុំ “ក្រុម ឃ” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពាក់ព័ន្ធដែលជាសមាជិក-សមាជិកា ក្រុម «ឃ» នៃភាគីរាជរដ្ឋាភិបាល និងសមាជិក-សមាជិកា ក្រុម «ឃ» ផ្នែកឯកជន មកពីសភាពាណិជ្ជកម្មកម្ពុជា, សភាពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងតំណាងក្រុមហ៊ុន និង សមាគមធុរកិច្ចជាតិ និង អន្តរជាតិ។
ក្នុងគោលបំណងពិនិត្យ ពិភាក្សាលើបញ្ហាប្រឈម និងសំណូមពរ ក៏ដូចជា ដើម្បីដាក់ចេញវិធានការដោះស្រាយសមស្របជូនវិស័យឯកជននៅក្នុងប្រទេសកម្ពុជា, កិច្ចប្រជុំត្រូវបានរៀបចំដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ បានពិនិត្យពិភាក្សាលើរបៀបវារៈ ចំនួន ៨ រួមមាន៖
១. ការប្រយុទ្ធប្រឆាំងនឹងពាណិជ្ជកម្មខុសច្បាប់,
២. ការស្នើសុំកម្រៃសេវារបស់ក្រុមហ៊ុនអន្តរការីធានារ៉ាប់រង គឺជាចំណូលមិនជាប់អាករ,
៣. ពន្ធនាំចេញលើការប្រមូលរ៉ែទង់ដែង,
៤. ការលក់ក្រៅព្រំដែនកម្ពុជា,
៥. ការប្រមូលពន្ធលើផ្ទាំងផ្សព្វផ្សាយ,
៦. នីតិវិធីក្នុងការប្រកាសការបង់អាករលើតម្លៃបន្ថែម,
៧. ការបង្កើតក្របខ័ណ្ឌសម្រាប់ការប្រកាសផ្សាយនូវបទប្បញ្ញត្តិ និងលិខិតបទដ្ឋានគតិយុត្ត, និង
៨. ការបង្កើតស្ថាប័នជំនាញសម្រាប់ដោះស្រាយបញ្ហាវិវាទលើបំណុលដែលមានកិច្ចធានា។
ដើម្បីឆ្លើយតបនឹងសំណូមពររបស់ផ្នែកឯកជន, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា កន្លងមក រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ បទប្បញ្ញត្តិ យន្តការស្ថាប័ន និងវិធានការនានា ដើម្បីដោះស្រាយនិងឆ្លើយតបទៅនឹងសំណូមពររបស់វិស័យឯកជន ទាំងកម្រិតនយោបាយ កម្រិតថ្នាក់ដឹកនាំ និងកម្រិតបច្ចេកទេស។ សំណូមពរ និងអនុសាសន៍របស់វិស័យឯកជនត្រូវបានទទួលយកមកសិក្សា និងជាធាតុចូលសម្រាប់បន្តពិភាក្សា ស្វែងរកដំណោះស្រាយបន្ថែម។ ជាលទ្ធផល, អង្គប្រជុំបានឆ្លើយបំភ្លឺ និងដោះស្រាយសំណូមពររបស់វិស័យឯកជន ព្រមទាំង ប្រគល់ភារកិច្ចជូនក្រសួង-ស្ថាប័ន និងវិស័យឯកជនដែលមានការពាក់ព័ន្ធ អនុវត្តតាមការសម្រេចរបស់អង្គប្រជុំ។ លេខាធិការដ្ឋាននៃក្រុមការងារ ត្រូវបន្តតាមដានជាមួយក្រសួង-ស្ថាប័ន ជំរុញការអនុវត្តនូវការសម្រេចរបស់អង្គប្រជុំ ដោយសកម្ម និង ការទទួលខុសត្រូវ។
កិច្ចប្រជុំថ្ងៃនេះ, គឺជាការរួមចំណែកនូវកិច្ចខិតខំប្រឹងប្រែង និង កិច្ចសហការរួមគ្នា រវាងរាជរដ្ឋាភិបាល និង វិស័យឯកជន ក្នុងការជំរុញការវិនិយោគ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ខណៈដែលកម្ពុជាបាន និងកំពុងទទួលរងផលប៉ះពាល់ពីខាងក្រៅក្នុងពេលថ្មីៗនេះ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានវាយតម្លៃខ្ពស់ដល់ក្រុមការងារទាំងសងខាង រាជរដ្ឋាភិបាល ពិសេស អគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏ដូចជា ខាងវិស័យឯកជន ដែលកន្លងមកបានធ្វើកិច្ចសហការល្អ ក្នុងការដោះស្រាយបញ្ហាប្រឈម សំណូមពរ និងក្ដីកង្វល់ពាក់ព័ន្ធនឹងការធ្វើធុរកិច្ច ហើយរបៀបវារៈទាំង ៨ ខាងលើ។
ជាកិច្ចបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានសំដែងអំណរគុណយ៉ាងជ្រាលជ្រៅ និងជូនពរចំពោះឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ជាសហសេវិកទាំងផ្នែករាជរដ្ឋាភិបាល ទាំងផ្នែកដៃគូវិស័យឯកជនដែលបានចូលរួមកិច្ចប្រជុំ។
ព័ត៌មានទាក់ទង